សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញការប្រឆាំងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ -- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបង្ហាញជំហរយ៉ាងតឹងរឹងបំផុត នៅក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើ ពុករលួយក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ដោយត្រូវអនុវត្តន៍នូវការដាក់ពិន័យនេះ តាមរយៈការប្រកាសនៅលើទំព័រហ្វេសហ៊ុកផ្លូវការ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។
FFC បានចេញសារនេះ ក្រោយសហ័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានចេញចំណាត់ការដាក់ពិន័យលើកីឡាករបាល់ទាត់ប្រទេសឡាវចំនួន២រូប ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលប្រកួតទុកមុន ហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះនៅលើហ្វេសបុកផេកផ្លូវការរបស់ខ្លួនថា “សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដោយការកំណត់លទ្ធផលប្រកួតទុកជាមុន។ ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់ទី្វបអាស៊ី (AFC) ស្តីពីការដាក់ពិន័យដល់កីឡាករនៅក្នុងប្រទេសឡាវ២រូប ដែលពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកជាមុន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមអំពាវនាវដល់មន្ត្រី ក៏ដូចជាកីឡាករឱ្យចៀសវាងឆ្ងាយពីសកម្មភាពនេះ ដែលវាអាចប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ និង បុគ្គលខ្លួនឯងផ្ទាល់។
លោក គល់ សុភារម្យ នាយករដ្ឋបាល និងជាអ្នកនាំពាក្យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះថា អំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ គឺជាឧបស័គ្គរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍របស់ខ្លួន មិនថាតែបាល់ទាត់នៅកម្ពុជានោះទេ ពោលគឺនេះគឺជាបំរាមនៅលើពិភពលោកទាំងមូល ហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់នៃអំពើពុករលួយក្នុងបាល់ទាត់ តាមរយៈការរៀបចំលទ្ធផលទុកជាមុនជាដើម។ លោកបានគូសបញ្ជាក់ថា “បើមានអំពើពុករលួយមិនថាតែក្នុងបាល់ទាត់ទេ ពោលគឺនៅក្នុងសង្គមជាតិ ដែលធ្វើឱ្យសកម្មភាពនៃដំណើរការអភិវឌ្ឍន៍នោះមិនអាច ដើរទៅមុខបានទេ ពោលគឺដើរថយក្រោយ”។ លោកចាត់ទុកថា អំពើពុករលួយនោះគឺជាអំពើអវិជ្ជមាន ហើយប្រសិនបើគ្មានការដាក់ពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ថ្មីៗនេះ ក៏សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែខិតខំប្រយុទ្ធប្រឆាំងជាដាច់ខាតផងដែរ។ នៅក្រោយពេល AFC ដាក់ពិន័យកីឡាករឡាវ២នាក់នេះ គឺសហព័ន្ធបាល់ទាត់កម្ពុជាក៏បានក្រើនរម្លឹកជាថ្មីជូនដល់សមាជិកក្លឹបនានា កីឡាករ មន្ត្រីក្នុងសហព័ន្ធខ្លួនឯង មន្ត្រីក្នុងក្លឹប កុំឱ្យកើតឡើងនូវអំពើអសកម្មបែបនេះកើតឡើងនៅក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment