ក្រុមជម្រើសជាតិកម្ពុជាចាប់ផ្តើមហ្វឹកហាត់ត្រៀមទទួលធ្វើម្ចាស់ផ្ទះ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ -- ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមទទួល ធ្វើម្ចាស់ផ្ទះវគ្គជម្រុះបឋម ជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៃព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2022 qualification-AFC នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។ ការហ្វឹកហាត់នេះ ធ្វើឡើង កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅកីឡដ្ឋាន AUPP រាជធានីភ្នំពេញ។
នៅក្នុងការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូងនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដឹកនាំដោយផ្ទាល់លើទីលាន ពីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលទើបចាកចេញពីក្លិបសមាជិកលីគ កំពូលអូស្ដ្រាលី Melbourne Victory, លោក Filex Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក ភា សុភ័ក្រ្តា ជាគ្រូជំនួយក្រុមជម្រើសជាតិ។
យោងតាមបញ្ជីកីឡាករជម្រើសជាតិជាផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា ក្រុមរហស្សនាមគោព្រៃកម្ពុជាមានកីឡាករ២៥នាក់ ដែលត្រូវបានជ្រើសរើសចេញពីក្លិបចំនួន១១ ក្នុងនោះមាន១០ ក្លិបជាសមាជិកលីគកំពូលកម្ពុជា គឺព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, អង្គរថាយហ្គឺរ, បឹងកេត, វិសាខា, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទី ខណៈមានសមាជិកក្លិប កំពូល ម៉ាឡេស៊ីម្នាក់ គឺកីឡាករ ធារី ចន្ថាប៊ីន។
ក្រុមកម្ពុជាត្រូវប្រមូលផ្តុំហ្វឹកហាត់ត្រៀមរយៈពេល៣ថ្ងៃមុនបើកទ្វារកីឡដ្ឋានជាតិទទួលក្រុមភ្ញៀវជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី០៦ ខែមិថុនាខាងមុខ សម្រាប់ជើងទី១ នៃវគ្គជម្រុះ 2022 FIFA World Cup qualification-AFC បន្ទាប់មកទើបធ្វើដំណើរទៅប្រកួតក្រៅដីជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងជុំទី២ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ដដែល នៅទីក្រុង ដូហា ប្រទេសកាតា ដោយសារប៉ាគីស្ថានមិនអាចធ្វើម្ចាស់ផ្ទះ នៅប្រទេសរបស់ខ្លួនបាន។
សូមបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិប៉ាគីស្ថាន ក៏បានធ្វើដំណើរមកដល់កម្ពុជា ផងដែរ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment