កីឡាករ ១៣ រូប ធ្វើឲ្យអ្នកគាំទ្រ Real Madrid សោកសៅបំផុត
ឆ្លងផុតរយៈពេលជិត ១០ ឆ្នាំមកនេះ បើយើងងាកទៅក្លឹប Real Madrid គឺបានឈ្នះពានអឺរ៉ុប Champions League ដល់ទៅ ៤ សម័យកាល ហើយអ្នកគាំទ្រមានការសាទរខ្លាំង នៅសម័យកាល Hat-trick UCL ឬការឈ្នះ ៣ រដូវកាលជាប់ៗគ្នា ក្រោមចំណាត់ការដឹកនាំរបស់លោក Zinedine Zidane។
យ៉ាងណាហែលពេលវេលាជិត ១ ទសវត្ស ក្លឹប Real Madrid ក៏បានបាត់បង់នូវកីឡាករល្អៗជាបន្តបន្ទាប់ ហើយក៏បានយកមកវិញនូវចំណូលថ្មីពោរពេញដោយគុណភាព និងខ្លះកំពុងស្ថិតក្រោមការដុសខាត់ មុនយុគសម័យនៃឈុតចាស់ ត្រូវឈានដល់ទីបញ្ចប់។ រាប់តាំងពីឆ្នាំ ២០១៣ CTS SPORT បង្ហាញការចាកចេញ របស់កីឡាករ ១៣ រូប ធ្វើឲ្យអ្នកគាំទ្រនឹកស្រណោះបំផុត។
ឆ្នាំ ២០១៣ ការចាកចេញរបស់ Mesut Ozil – បន្ទាប់ឈរជើងបាន ៣ ឆ្នាំឲ្យក្លឹបអធិរាជស កីឡាករអាល្លឺម៉ង់ ក៏បង្កើតផលចំណេញលើស ១ ទ្វេជា ២ ផ្ទេរទៅក្លឹបអង់គ្លេស Arsenal តែក៏បានបន្សល់ស្ថិតិដ៏គួរឲ្យស្ងើចសរសើរ ពោល ១៥៩ ប្រកួត រកបាន ២៧ គ្រាប់ និង Assist ដល់ ៨០ លើក។
ឆ្នាំ ២០១៤ ការចាកចេញរបស់ Di Maria និង Xabi Alonso – រំលងទៅមួយឆ្នាំបន្ទាប់ ក្រោយឈ្នះពាន UCLរដូវកាល ២០១៣/១៤ ក្លឹបស្ថិតក្នុងទីក្រុង Madrid ក៏បាត់បង់ខ្សែប្រយុទ្ធស្លាប និងបម្រើការពារទាំងពីររូប ជាថ្នូរនឹងទឹកប្រាក់ចូលហោប៉ៅ ៨៤ លានអឺរ៉ូ។
ឆ្នាំ ២០១៥ ការចាកចេញរបស់ Iker Casillas – បើរាប់ក្រោយឆ្នាំ ២០១០ អាចនិយាយថា Casillas ជាអ្នកចាំទីដ៏ល្អបំផុតរបស់ក្លឹប ហើយវាក៏ជាការបាត់បង់ Legend ដ៏ធំបំផុតមួយផងដែរ ដ្បិតអីកីឡាករអេស្ប៉ាញបានចាយពេលជិត ២០ ឆ្នាំ រាប់ទាំងការឈរជើងនៅឈុតថ្នាល។ ពេលនោះ Casillas បានផ្លាស់ទៅ Porto នៅលក្ខខណ្ឌផ្ទេរឥតតម្លៃខ្លួន ក៏ជាក្លឹបចុងក្រោយមុនចូលនិវត្ត។
ឆ្នាំ ២០១៧ ការចាកចេញរបស់ Pepe – អតីតប្រធានក្រុម ក៏ជាកីឡាករលេចកាចរបស់ Real Madrid បានផ្លាស់ទៅក្លឹបទួរគី Besiktas នៅឆ្នាំ ២០១៧ ពោលក្រោយការចាយពេលអស់ ១ ទសវត្ស។ ពេលនោះ អ្នកគាំទ្រមានការសោកស្តាយខ្លាំង ព្រោះតារាឆ្នើមព័រទុយហ្គាល់ ពិតជាមានគុណភាពល្អ នៅតំណែងការពារកណ្ដាល។
២០១៨ ការចាកចេញរបស់ Cristiano Ronaldo – ក្រោយបញ្ចប់ការលើកពាន UCL ទី ៤ ជាមួយអធិរាជស Ronaldo ក៏ស្រាប់បង្កើតការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល ជាមួយការផ្ទេរទៅក្លឹប Juventus នៅតម្លៃបំបែកកំណត់ត្រា ១១៧ លានអឺរ៉ូ។ ខណៈនោះ បានធ្វើឲ្យអ្នកគាំទ្រមានការខឹងសម្បាជាខ្លាំងទៅលើប្រធានក្លឹប លោក Florentino Perez ហើយខ្លះ ក៏នៅរក្សាកូនចិត្តសោកស្តាយមកទល់សព្វថ្ងៃ។
២០១៩ ការចាកចេញរបស់ Keylor Navas – បន្ទាប់យកបាន Thibaut Courtois ក៏នាំឲ្យ Navas មើលឃើញថាវត្តមានរបស់ខ្លួនលែងសំខាន់ ហើយក៏ចាកចេញនៅមួយឆ្នាំបន្ទាប់។ តែយ៉ាងណា បុរសសញ្ជាតិកូស្តារីកាក៏បានបន្សល់ការនឹករលឹកច្រើន ពីអ្នកគាំទ្រ Madrid ផងដែរ ព្រោះបានចំណែកបុរសម្នាក់នេះហើយ ជួយឲ្យក្លឹបឈ្នះពាន UCL ៣ សម័យកាលជាប់គ្នា។
២០២១ ការចាកចេញរបស់ Raphael Varane និង Sergio Ramos – ខ្សែការពារកណ្ដាលមួយគូ បានចាកចេញព្រមគ្នានៅឆ្នាំតែមួយ ហើយម្នាក់ផ្លាស់ទៅ PSG ម្នាក់ទៀតផ្លាស់ទៅក្លឹប Man Utd។ ពួកគេសុទ្ធសឹងជាកីឡាករកាន់ឆ្នាំ តែក៏ជឿថា ឥឡូវប្រហែលអ្នកគាំទ្ររៀនសម្របចិត្តបានបណ្តើរៗហើយ ក្រោយមានដៃគូថ្មី David Alaba និង Eder Militao ក៏ធ្វើបានល្អដែរនោះ។
២០២២ ការចាកចេញរបស់ Gareth Bale, Isco, Marcelo និង Casemiro – អ្នកទាំងបួន ក៏មិនខុសពីកីឡាករមុនៗ ពោលសុទ្ធសឹងធ្លាប់ជាចំណែកសំខាន់ នៅការឈ្នះពានអឺរ៉ុប។ មកទល់ពេលនេះ ៣ រូបរកបានទ្រនំឈរជើង ដូច Bale ទៅ Los Angeles, Isco ទៅ Sevilla និង Casemiro ទៅ Man Utd នៅឡើយតែ Marcelo តែលតោលមិនទាន់រកបានក្លឹបជ្រកកោន។
ចុះអ្នកបន្ទាប់អាចជាតារាឆ្នើមរូបណា ថាមិនត្រូវ ២០២៣ អាចជាការចែកផ្លូវរបស់ Luka Modric, Toni Kroos, Karim Benzema ឬ Dani Carvajal ក៏ថាបាន៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

No comments:
Post a Comment